ដោយ សោភ័ណ
2008-05-03
មន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា នឹងដាក់បញ្ចូលអំពើប្រល័យពូជសាសន៍របស់ខ្មែរក្រហមនៅកម្ពុជា ក្នុងកម្មវិធីសិក្សាសម្រាប់ការអប់រំចំណេះដឹងទូទៅប្រយោជន៍ដើម្បី ឲ្យមនុស្សជំនាន់ក្រោយយល់ដឹងពីប្រវត្តិសាស្ត្ររបស់ខ្លួន ។
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក អ៊ឹម សិទ្ធី មានប្រសាសន៍នៅថ្ងៃទី៣ ឧសភា ថាស្របពេលក្រសួងអប់រំ យុវជន និងកីឡា កំពុងរៀបចំកម្មវិធីសិក្សាសម្រាប់អប់រំចំណេះដឹងទូទៅ នឹងដាក់បញ្ចូលរបបខ្មែរក្រហម សម្រាប់សិស្សវិទ្យាល័យនិងអនុវិទ្យាល័យ ។
លោក អ៊ឹម សិទ្ធី បានឲ្យដឹងថា ៖ «យើងមិនមែនដាក់ចូលម្ដង ទាំងអស់ ទាំងខ្លឹមសារដូចដែលយើងមើលសៀវភៅដែលនិយាយពីខ្មែរក្រហម យើងត្រូវធ្វើម៉េចដាក់ឲ្យមានកន្លែងផ្នែកណាៗ ព្រោះកម្មវិធីរបស់យើងផ្នែកប្រវត្តិសាស្ត្រ យើងអត់ចោលទេ ត្រូវធ្វើម៉េចឲ្យមានអាហ្នឹង ព្រោះក្មេងអាយុកាល ប៉ុន្តែគ្រាន់ថាដល់ទៅយុវជន យើងពង្រីកថែមឲ្យជ្រៅ ។ ហើយយើងត្រូវយល់ដឹងថា ការបណ្ដុះបណ្ដាលត្រូវធ្វើយ៉ាងម៉េចឲ្យមនុស្សស្គាល់ពីខ្លួនឯង ស្គាល់ពីប្រទេសយើង កាលដែលយើងឆ្លងកាត់» ។
ផ្អែកតាមប្រភពដែលធ្វើការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា បានឲ្យដឹងថាមជ្ឈមណ្ឌលឯកសារកម្ពុជា នឹងផ្តល់សម្រាប់ការងារអប់រំនេះលើ៤ចំណុចគឺ ការរៀបចំសម្ភារៈឧបទេស សម្រាប់លោកគ្រូ អ្នកគ្រូ ការធ្វើសិក្ខាសាលាគរុកោសល្យសម្រាប់លោកគ្រូ អ្នកគ្រូ ការរៀបចំឲ្យសិស្សានុសិស្សក្លាយជាគ្រូបង្រៀន និងការបកប្រែសៀវភៅភាសាផ្សេងៗ ។
ចំណែកឯមន្រ្តីរបស់កម្មវិធីនៃអង្គការគំរោងយុត្តិធម៌សង្គមសេរី លោក ឡុង បញ្ញាវុធ បានអបអរសាទរដល់រដ្ឋាភិបាល ចំពោះការដាក់បញ្ចូលរបបខ្មែរក្រហម ក្នុងកម្មវិធីសិក្សាគឺដើម្បីជំរុញឲ្យមនុស្សជំនាន់ក្រោយ ជឿជាក់ថាមានរបបប្រល័យពូជសាសន៍នោះបានកើតឡើងនៅប្រទេសកម្ពុជា ពិតមែន និងដើម្បីឲ្យមនុស្សជំនាន់ក្រោយចេះផ្សះផ្សា និងចេះមានអធ្យាស្រ័យឲ្យគ្នា ៖ «ដូច្នេះការបញ្ចូលនៅក្នុងកម្មវិធីសិក្សាអប់រំនេះ ក៏អាចឲ្យប្រជាជនខ្មែរបានផ្សះផ្សាដែរ» ។
កាលពីប៉ុន្មានឆ្នាំកន្លងទៅមានការខ្វែងយោបល់គ្នាក្នុងការដាក់ បញ្ចូលមេរៀនស្តីពីប្រវត្តិសាស្ត្ររបបខ្មែរក្រហម ទៅក្នុងកម្មវិធីសិក្សាសម្រាប់សិស្សមធ្យមសិក្សា ហើយគេបានបោះពុម្ភសៀវភៅដែលមានបញ្ចូលមេរៀនខ្មែរក្រហមសម្រាប់សិស្ស វិទ្យាល័យ ប៉ុន្តែត្រូវបានរដ្ឋាភិបាលបញ្ជាឲ្យដកចេញពីកម្មវិធីសិក្សានោះវិញ បន្ទាប់ពីមើលឃើញថាខ្លឹមសារមួយចំនួនប៉ះពាល់ដល់អ្នកនយោបាយ បច្ចុប្បន្ន ។
សូមជម្រាបថាកាលពីថ្ងៃទី៣០ មេសាកន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ញើលិខិតមួយជូនប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា ថាការសិក្សាអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ ជាពិសេសអំពើប្រល័យពូជសាសន៍របស់ខ្មែរក្រហម ពិតជាមានសារប្រយោជន៍ ហើយក្រសួងគាំទ្រការងារទាំង ៤ចំណុចរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាដោយសូមឲ្យសហការជាមួយនាយកដ្ឋាន ស្រាវជ្រាវគរុកោសល្យនិងវិក្រឹត្យការរបស់ក្រសួង ។
ទោះជាយ៉ាងណាមិនទាន់មានការពន្យល់ឲ្យបានច្បាស់លាស់ពីមន្ត្រី ក្រសួងអប់រំថាមូលហេតុអ្វីបានទើបតែបញ្ចូលប្រវត្តិសាស្ត្ររបស់របប ខ្មែរក្រហមក្នុងកម្មវិធីសិក្សានៅពេលនេះ ៕
ប្រភព៖ http://www.rfa.org/khmer/indepth/KRsubject_2be_included_in_study-program-05042008002502.html